Tuesday, 15 December 2015

​ពិធី​ពូន​ភ្នំខ្សាច់​ផ្តាច់​កម្ម​ពៀរ នៅ​ថ្ងៃ​បុណ្យ​ភ្ជុំបិណ្ឌ​ប្រពៃណី​ជាតិខ្មែរ​​




ពិធីបុណ្យពូនភ្នំខ្សាច់ផ្តាច់កម្មពៀរ សម្រាប់សត្វលោកទាំងឡាយដែលកើតចាស់ ឈឺ ស្លាប់ កាលបើមិនទាន់ដល់មរណៈ តែងតែវិលវល់ក្នុងវាលវដ្តសង្សារ  អាចកើតនៅទីនេះ ទីនោះអាស្រ័យទៅតាមកម្ម ហើយកម្មផលទំាងនោះមានបីយ៉ាង គឺអតីតជាតិ បច្ចុប្បន្នជាតិ និងអនាគតជាតិ។ ដើម្បីប្រាថ្នាកន្លែងកើត ឲ្យអនាគតជាតិរបស់ខ្លួនទទួលបានអានិសង្ឃច្រើន មុនពេលផុតរលត់សង្ខារទៅមនុស្សគ្រប់រូប តែងតែធ្វើបុណ្យដាក់ទាន និងធ្វើបុណ្យកុសលផ្សេងៗគ្រប់រូបភាពជាដើម។
​ការ​ពូន​ភ្នំ​ខ្សាច់​
«​ប្រជាជន​កម្ពុជា​យើង ធ្លាប់​អនុវត្ត​តាំងពីដើម​មក ដោយសារតែ​ពួកគាត់​មានជំនឿថា ការ​ពូន​ភ្នំខ្សាច់​នេះ គឺ​ដើម្បី​ផ្តាច់​កម្ម​ផ្តាច់​ពារ​ដែល​យើង​ធ្លាប់​សាង​ពីមុនមក​។ ខ្ញុំ​សុំ​ឲ្យ​ពូន​ភ្នំ​ខ្សាច់​នេះ ផ្តាច់​កម្ម​ផ្តាច់​ពៀរ​នេះ ដល់​ពេល​ខ្ញុំ​មានកម្ម​មាន​ពៀរ​អី ដែល​មាន​សត្វ​ដែល​ខ្ញុំ​ធ្វើ​អត់​ដឹង ពីមុនៗ​មក ឲ្យ​ខ្ញុំ​ផ្តាច់​ពារ ដោះ​ទុក​កម្ម​ពៀរ​របស់ខ្ញុំ​ផង​។ និយាយ​រួម​សាង​កុសល​សម្រាប់​ខ្លួន​យើង​ផង និង​សម្រាប់​ញាតិ​ការ​យើង​ផង​…»​។​
​ប្រជាពលរដ្ឋ​មួយចំនួន​កំពុង​ឈរ​នៅមុខ​កន្លែង​ពូន​ភ្នំ​ខ្សាច់ ដៃ​ម្ខាង​កាន់​ចាន​ដាក់​ដីខ្សាច់ អង្ករ និង​ធូប​សម្រាប់​អុជ នៅក្នុង​វត្ត​ចង្ក្រាន​តា​ព្រហ្ម ឬ​ហៅ​វត្ត​ស្ទឹងមានជ័យ នៅ​រាជធានី​ភ្នំពេញ ដើម្បី​សុំ​សេចក្តីសុខ​ចម្រើន​ទាំង​ជាតិ​នេះ និង​ជាតិ​ខាងមុខ​។​
ភ្នំខ្សាច់​គេ​អាច​ពូន​ពី​ដីខ្សាច់ អង្ករ និង​ស្រូវ គឺ​ពូន​ធ្វើ​ដូចជា​ភ្នំ​។ ពិធី​នេះ​មិនមែន​មាន​នៅ​តែ​វត្ត​ចង្ក្រាន​តា​ព្រហ្ម​ទេ គឺ​នៅ​តាម​វត្ត​អារាម​នានា នៅ​កម្ពុជា​ជាង​៤​ពាន់​វត្ត សុទ្ធតែ​បាន​រៀបចំ​ធ្វើ​ក្នុង​អំឡុង​បុណ្យ​ភ្ជុំបិណ្ឌ​នេះ​។ ជំនឿ​អ​រូបិយ​នៅ​កម្ពុជា ទាក់ទង​និង​ពិធី​ពូន​ភ្នំខ្សាច់​ផ្តាច់​កម្ម​ពៀរ តាម​បែប​ប្រពៃណីនិយម នៃ​ព្រះពុទ្ធ​សាសនា​របស់​រដ្ឋ ដែល​ដូនតា​បុព្វបុរស​ខ្មែរ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ រហូតមកដល់​ពេល​បច្ចុប្បន្ន​នេះ​។ ពិធី​ពូន​ភ្នំខ្សាច់​នេះ មាន​ចារ​នៅក្នុង​គម្ពីរ​សាស្ត្រា​ស្លឹករឹត​ខ្មែរ និង​សៀ​ភៅ​ព្រះរាជ​ពិធី​ទ្វារទ​ស្សមាស ដែល​បោះពុម្ពផ្សាយ​ដោយ​វិទ្យាស្ថាន​ពុទ្ធិ​សាសន​បណ្ឌិត្យ​ផងដែរ​។​
​សាស្ត្រាចារ្យ​នៃ​ពុទ្ធិក​សាកលវិទ្យាល័យ ព្រះសីហនុ​រាជ្យ ព្រះ​តេជគុណ ពុទ្ធំ​កុល វ៉​ង់ សុភស្ត មាន​សង្ឃដីកា​ថា ពិធី​ពូន​ភ្នំខ្សាច់​នេះ ធ្វើឡើង​តាម​បែប​ពុទ្ធ​និយម គឺ​មិន​ចំ​ជា​លក្ខណៈ​ព្រះពុទ្ធសាសនា​សុទ្ធសាធ​នោះទេ​។ ព្រះ​តេជគុណ​មាន​ថេរតី​កាថា​៖ “​ធ្វើ​មិន​ដែល​ខាន​ទេ ទាល់តែ​មាន​ពិធី​បុណ្យចូលឆ្នាំ បុណ្យ​ភ្ជុំបិណ្ឌ​ហ្នឹង គឺ​ត្រូវតែ​មាន​ពិធី​ពូន​ភ្នំខ្សាច់​ហ្នឹង ដើម្បី​រំដោះ​កម្ម​រំដោះ​ពៀរ កម្ម​ពៀរ​ដែល​យើង​ធ្លាប់មាន​ពីមុន​មក​ហ្នឹង ក៏​ដោយ​អ​និសង្ឃនៃការ​ពូន​ភ្នំខ្សាច់​ហ្នឹង សុំឲ្យ​បានរួច​រំដោះក​ម្ម​ពៀរ​អ៊ីចឹង នេះ​ជា​ប្រពៃណី​ទេ ប្រពៃណី​បែប​ពុទ្ធ​និយម មិន​ចំ​ជា​លក្ខណៈ​ព្រះពុទ្ធសាសនា​សុទ្ធសាធ​ទេ ប្រពៃណី​ខ្មែរ​យើង​ច្របាច់​បញ្ចូល​ជាមួយនឹង​ព្រះពុទ្ធសាសនា បើ​និយាយ​ទៅ​”​។​
​ជា​រៀងរាល់ឆ្នាំ ប្រជាពលរដ្ឋ​ខ្មែរ​ទូទាំង​ប្រទេស​កម្ពុជា តែងតែ​ប្រារព្ធ​ពិធី​ពូន​ភ្នំខ្សាច់​ផ្តាច់​កម្ម​ពៀរ​នេះ នៅក្នុង​ពី​ធី​បុណ្យ​ប្រពៃណី​ជាតិ ដូចជា​បុណ្យចូលឆ្នាំ​ប្រពៃណីជាតិ បុណ្យបច្ច័យបួន បុណ្យ​ក​ត្ត​ញ្ញូ បុណ្យ​ឆាក​មហា​បង្សុកូល និង​បុណ្យ​ភ្ជុំបិណ្ឌ​ជាដើម​។  
ពិធី​ពូន​ភ្នំខ្សាច់​នេះ ជា​ពិធី​មួយ​ដែល​មាន​មុន​សម័យ​ព្រះ​ពុទ្ធអង្គ​ម្ចាស់​សា​មណ​គោត្ត​ម​ទៅទៀត​។ ពិធី​នេះ​ត្រូវបាន​ព្រះសម្មាសម្ពុទ្ធ ទ្រង់​ផ្តល់​ឱវាទ​ឲ្យ​ស្តេច​គ្រប់គ្រង​ផែនដី ប្រារព្ធ​ធ្វើ​តាម​បែប​ព្រះពុទ្ធសាសនា តាំងពី​ពេលនោះ​រហូត​ដល់​សព្វថ្ងៃ​។​
ប្រវត្តិ​នៃ​ពិធី​ពូន​ភ្នំខ្សាច់​ផ្តាច់​កម្ម​ពៀរ​
​ព្រះ​តេជគុណ​ពុទ្ធំ​កុល វ៉​ង់ សុភស្ត មាន​សង្ឃដីកា​ទៀត​ថា ពិធី​ពូន​ភ្នំខ្សាច់​ផ្តាច់​កម្ម​ពៀរ តាម​បែប​ប្រពៃណី​និយមនៃ​ព្រះពុទ្ធសាសនា​ខ្មែរ​នេះ ដើមឡើយ​មាន​ប្រវត្តិ​ទាក់ទង​ទៅ​នឹង​ទេវបុត្រ​មួយ​អង្គ​ទៅ​កើត​នៅ​ឋាន​តាវ​តឹង នៅ​ថ្ងៃ​មួយ​ត្រូវអស់​អាយុ ដោយ​យមបាល និង​យមរាជ​ប្រាប់​ទេវបុត្រ​ថា នៅ​៧​ថ្ងៃ​ទៀត និង​ត្រូវ​ធ្លាក់​ទៅ​ឋាន​នរក ពីព្រោះ​ទេវបុត្រ​មាន​បាបកម្ម​ប្រព្រឹត្ត​ដាច់​សីលប្រាំពីរ​ជាតិ​មុន​មក​។ ឮ​ដូច្នេះ​ទេវបុត្រ​ភ័យ​យ៉ាង​ខ្លាំង ស្រាប់តែ​មហេសី​ជ្រាប​រឿង​ថា យមរាជ និង​ចាប់​ប្តី​របស់​ខ្លួន ក៏​ចាប់ផ្តើម​ពូន​ភ្នំខ្សាច់​នៅ​ឋាន​តាវត្តិង្ស​នោះ ដើម្បី​ផ្តាច់​កម្ម​ពៀរ​ឲ្យ​រួចផុត​ពី​សេចក្តីស្លាប់​៖ “​ទាំងអស់គ្នា​កុំអាល​ទាន់​នាំ​យក​ប្តី​របស់​យើង ទៅកាន់​ឋាននរក ពីព្រោះ​ប្តី​របស់​យើង បាន​ធ្វើ​ពិធី​ពូន​ភ្នំខ្សាច់​បូជា​ទៅ​ដល់​ព្រះ​ជោលា​មុនី​ចេតិយ បូជា​ចំពោះ​គុណព្រះរតនត្រ័យ​ហើយ អ៊ីចឹង​បើ​អ្នក​ទាំងអស់​គ្នា ចង់​ចាប់​ស្វាមី​របស់​យើង​ទៅកាន់​ឋាននរក អ្នកឯង​ទាំងអស់គ្នា​ហ្នឹង​ត្រូវ​រាប់​គ្រាប់​ខ្សាច់​ឲ្យអស់​ជាមុនសិន គ្រាប់​ខ្សាច់​ដែល​ពូន​ភ្នំខ្សាច់​ហ្នឹង បើ​រាប់​គ្រាប់​ខ្សាច់​ដែល​ពូន​ភ្នំខ្សាច់​ហ្នឹង​មិន​អស់​ទេ អ្នក​ឯង​មិន​អាច​យក​ស្វាមី​យើង​ទៅ​បាន​ទេ អ៊ីចឹង​ទៅ​ពួក​យមបាល​យមរាជ​ហ្នឹង ក៏​នាំគ្នា​រាប់ រាប់​តាំងពីព្រឹក​រហូត​ដល់​ថ្ងៃត្រង់ រហូត​ដល់​ព្រលប់ ដល់​យប់​ទៀត នៅតែ​រាប់មិនអស់ គំនរ​ភ្នំខ្សាច់​ហ្នឹង​វា​ចេះ​តែ​គរ​ខ្ពស់​ឡើងៗ​អ៊ីចឹងទៅ អ៊ីចឹង​ទៅ​ក៏​សុំ​ចុះចាញ់​នាង​ជា​ភរិយា​ហ្នឹង ថា​ស្វាមី​របស់​នាង​បាន​ធ្វើ​ការបូជា​ពូន​ភ្នំខ្សាច់​រំដោះ​កម្ម​រំដោះ​ពៀរ អ៊ីចឹង​ទៅ​យើង​មិន​អាច​នាំ​យក​ទៅ​បាន​ទេ​”​។​
​តើ​ពិធី​ពូន​ភ្នំខ្សាច់​ផ្តាច់​កម្ម​ពៀរ មានន័យ​យ៉ាងដូចម្តេច​?
​ទំនៀមទម្លាប់​ប្រារព្ធ​ពិធី​ពូន​ភ្នំខ្សាច់​ផ្តាច់​កម្ម​ពៀរ​នេះ មាន​អត្ថន័យ​៣​យ៉ាង​៖
​អត្ថន័យ​ទី​១- សម្ដែង​ថា​ពិធី​ពូន​ភ្នំខ្សាច់​ប្រារព្ធ​ឡើង ដើម្បី​ឧទ្ទិស​ដល់​ព្រះ​មុនី​ចេតិយ​របស់​ព្រះសម្មាសម្ពុទ្ធ ដែល​តាំង​នៅ​ឯ​ស្ថាន​តាវត្តិង្ស​។ មានន័យ​ថា ភ្នំខ្សាច់​ដែលគ​រលើ​គ្នានោះ ប្រៀប​បាន​ដូច​ជា កូន​ភ្នំ​មួយ តំណាង​ឲ្យ​ព្រះ​ចេតិ​យ​ដែល​មាន​តម្កល់​ព្រះ​សារីរិកធាតុ (​ព្រះ​អដ្ឋិធាតុ​នៃ​ព្រះសម្មាសម្ពុទ្ធ​)​។ ហេតុនេះ​នៅពេល​ដែល​អ្នក​បាន​ពូន​ភ្នំខ្សាច់​ហើយ​នោះ គឺ​ហាក់បីដូចជា​អ្នក​បាន​ចូលរួម​កសាង​ព្រះ​ចេតិយ​ថ្វាយ​ព្រះសម្មាសម្ពុទ្ធ​។ ជា​លទ្ធផល​អ្នក​ដែល​បាន​ពូន​ភ្នំ​ខ្សាច់​នោះ និង​ទទួលបាន​អានិសង្ឃ​ខ្ពស់បំផុត​។​
​អត្ថន័យ​ទី​២- ការធ្វើ​ពិធី​ពូន​ភ្នំខ្សាច់ និង​បាន​រំដោះ​កម្ម​ពៀរ ដែល​ខ្លួន​ធ្លាប់​បាន​សាង​ពីមុនមក​។ មានន័យ​ថា ប្រសិនបើ​អ្នក​មានកម្ម​ពៀរ​ដោយ​ហេតុ​ធ្លាប់​បាន​សម្លាប់សត្វ ឬ​បៀតបៀន​អ្នក​ដទៃ​ពី​មុន ឬ​ពី​ជាតិ​មុន​។ ម្យ៉ាងទៀត​បើ​គេ​ចង់​មក​ចងកម្ម​ពៀរ ឬ​យក​ជីវិត​អ្នក​វិញ យមរាជ​ត្រូវតែ​រាប់​ចំនួន​គ្រាប់​ខ្សាច់ ដែល​អ្នក​បាន​ពូន​នោះ​ឲ្យអស់​សិន ទើប​អាច​មក​យក​ជីវិត​អ្នក ឬ​មក​យក​កម្ម​ពៀរ​ពី​អ្នក​បាន​។ តែ​ផ្ទុយទៅវិញ បើ​មិន​អាច​រាប់​ចំនួន​គ្រាប់​ខ្សាច់​នេះ​ឲ្យអស់​ទេនោះ មានន័យ​ស្មើនឹង​អ្នក​បាន​រំដោះ​កម្ម រំដោះ​ពៀរ​ពី​សត្វ​នោះ​ហើយ​។ (​តាម​ទ្រឹស្ដី​ព្រហ្ម​ម​ញ្ញ​សាសនា​)​។​
អត្ថន័យ​ទី​៣៖ មានន័យ​ខុសប្លែក​ពី​ទ្រឹស្ដី​បែប​សាសនា​ខាងលើនេះ តាម​ការសង្កេត​ជាក់ស្តែង​នៅ​តាម​វត្ត​អារាម​មួយចំនួន ជាពិសេស​នៅ​ទីជនបទ មាន​ការខ្វះខាត​ខ្សាច់​ធ្វើ​សំណង់​អ្វីមួយ គឺ​ព្រះសង្ឃ ឬ​គណៈកម្មការ​វត្ត អនុញ្ញាត​ឲ្យមាន​ពិធីពូន​ភ្នំខ្សាច់​នេះឡើង បន្ទាប់មក​គេ​យក​ខ្សាច់​នោះ​ទៅ​ប្រគេន​ព្រះសង្ឃ ដែល​ត្រូវការ​វត្ថុធាតុដើម​ដីខ្សាច់​នោះ​។​
​តើ​ត្រូវធ្វើ​ដូចម្តេច​ខ្លះ​នៅ​មុនពេល​ពូន​ភ្នំខ្សាច់ និង​ក្រោយពេល​ពូន​?
​មុន​ពេល​ពូន គេ​ត្រូវ​រៀបចំ​សម្ភារៈ​មួយចំនួន​ដូចជា ធូប អង្ករ ស្រូវ ល្ងរ លុយ​ជា​ដើម​។ ការ​ពូន​ភ្នំខ្សាច់​នេះដែរ គេ​ត្រូវ​ធ្វើ​របង​ព័ទ្ធជុំវិញ​ភ្នំខ្សាច់​ទាំងនោះ និង​រៀបចំ​ពូន​បាន​តិច ឬ​ច្រើន តាម​តែ​ចិត្ត​របស់​យើង បន្ទាប់មក​ត្រូវ​ទុក​ផ្លូវ​ចេញចូល សម្រាប់​អ្នក​ទៅ​ពូន​ភ្នំ​ខ្សាច់​នោះ​។ នៅពេល​ពូន​ភ្នំខ្សាច់​នោះដែរ ត្រូវ​មាន​លោក​អាចារ្យ​ជួយ​ដឹកនាំ សូត្របាលី​មុនពេល​ពូន ឬ​បើ​លោក​អ្នកចេះ​សូត្រ​ដោយ​ខ្លួនឯង​ក៏​បាន​ដែរ ដោយ​សូត្រ​ទៅតាម​វគ្គ និង​ឃ្លោងឃ្លា​របស់​ព្រះធម៌​។​
​ពិធី​ពូន​ភ្នំខ្សាច់​ផ្តាច់​កម្ម ផ្តាច់​ពៀរ តាម​ទំនៀមទម្លាប់​របស់​ដូនតា គេ​អាច​ពូន​ជា​ភ្នំ​៣ តំណាង ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ​។ ពូន​ភ្នំ​៥ តំណាង​ឲ្យ​ព្រះ​ពុទ្ធប្រាំ​អង្គ​។ ពូន​ភ្នំ​៧ តំណាង​ឲ្យ​ញាតិ​កា​ប្រាំពីរ​សន្តាន​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ​ទេ គេ​ក៏​អាច​ពូន​១២​ភ្នំ ឬ​ច្រើន​ជាង​ហ្នឹង​ក៏បាន ពីព្រោះ​ភ្នំខ្សាច់​ដែល​គេ​ពូន​នោះ គេ​អាច​បំបួស​អធិដ្ឋាន​ភ្នំ​ខ្សាច់​នោះ ឲ្យក្លាយ​ទៅ​ជា​ជោ​លា​មុនី​ចេតិយ៍​។ ដោយឡែក​ការ​ពូន​ភ្នំ​អង្ករ ភ្នំស្រូវ​ជាដើម ប្រជា​ពលរដ្ឋ​ខ្មែរ​ទូទាំង​ប្រទស​អាចធ្វើ​បាន​ទាំងអស់ ហើយ​បុណ្យ​កុសល​ទទួល​បាន​ដូចគ្នា និង​ការ​ពូន​ភ្នំខ្សាច់​ដែរ​។​
សាស្ត្រាចារ្យ​នៃ​ពុទ្ធិក​សាកលវិទ្យាល័យ ព្រះសីហនុ​រាជ្យ ព្រះ​តេជគុណ ពុទ្ធំ​កុល វ៉​ង់ សុភស្ត មាន​សង្ឃដីកា​ថា បន្ទាប់​ពី​ពូន​ភ្នំខ្សាច់​នេះហើយ អ្នក​ដែល​មាន​បំណង​ទៅ​ធ្វើបុណ្យ​អាច​ចូល​ទៅ​ធ្វើបុណ្យ​បាន​តាម​ប្រពៃណី ដោយ​យក​ដីខ្សាច់​ដាក់​ក្នុង​ចាន ឬ​ផ្តិល ពូន​សុំ​សេចក្តីសុខ និង​ឧទ្ទិស​ឋាន​ដល់​ញាតិសន្តាន​ដែល​បាន​ចែក​ឋាន​ទៅ​បរម​លោក​ខាង​មុខ​ជា​ដើម ដើម្បីឲ្យ​ទទួល​បានកុស​ល​ផល​បុណ្យ​ដែល​កូនចៅ​បាន​ធ្វើ​។​
​ព្រះ​តេជគុណ ពុទ្ធំ​កុល វ៉​ង់ សុភស្ត មាន​សង្ឃដីកា​ទៀត​ថា នៅ​ពេល​បញ្ចប់​កម្មវិធី​បុណ្យ តាអាចារ្យ ត្រូវ​សូត្របាលី ផ្សឹក​ភ្នំខ្សាច់​នោះ​វិញ ឲ្យទៅ​ជា​ដីខ្សាច់​ធម្មតា មុន​នឹង​យក​ទៅ​ធ្វើ​យក​ទៅ​កសាង​ផ្លូវ របង​វត្ត វិហារ​ជាដើម ជៀសវាង​ការធ្វើ​ខុស​ខ្លាច​មាន​បាបកម្ម​៖ “​ចប់​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ដាក់​បិណ្ឌ ១៤​ថ្ងៃ ១៥​ថ្ងៃ​ហ្នឹង​ទៅ ដល់​ថ្ងៃ​ទី​១៦​ហ្នឹង មុន​នឹង​យក​ខ្សាច់​ហ្នឹង​ទៅ​ប្រើប្រាស់​យក​ទៅ​ធ្វើ​លាយ​ស៊ីម៉ង់​ចាក់​បេតុង កសាង​កុដិ សាលា ព្រះវិហារ​អី យើង​ត្រូវ​ផ្សឹក​ភ្នំខ្សាច់​ហ្នឹង​សិន មាន​បាលី បើសិនជា​យើង​អត់​បាន​ផ្សឹក​ទេ យើង​អត់​បាន​បច្ចូស ឬក៏​ថា​រំលាយ​ភ្នំខ្សាច់​ហ្នឹង​ជាមុន​ទេ អាហ្នឹង​វា​ឈ្មោះ​ថា​យើង​រំលាយ​ព្រះ​ចេតិយ ហ្នឹង​មាន​ទោស​មាន​បាប អ៊ីចឹង​គេ​ត្រូវ​ធ្វើ​ពិធី​ផ្សឹក​សិន ផ្សឹក ឬ​បច្ចូស​”​។​
​គោលបំណង​នៃ​ពិធី​ពូន​ភ្នំ​ខ្សាច់​
ពិធី​ពូន​ភ្នំខ្សាច់​ធ្វើឡើង​ក្នុង​គោលបំណង ផ្តាច់​កម្ម​ពៀរ​ពី​បច្ចុប្បន្ន​ជាតិ និង​អតីតជាតិ ដែល​មនុស្ស​លោក​បាន​សាង​ដូចជា បាន​សម្លាប់​សត្វ​តូច សត្វ​ធំ សត្វ​វា សត្វ​លូន សត្វ​ជើង​ពីរ សត្វ​ជើង​បួន មនុស្ស ឬ​មាន​កាយវាចា​ចិត្ត​មិន​ល្អ​ពីមុន ដោយ​ចេតនា​ក្តី ដោយ​អ​ចេតនា​ក្តី ឲ្យ​រួច​ផុត​កម្ម ផុត​ពៀរ​ទាំងពួង​ទៅជា​អហោសិកម្ម​។ លើសពីនេះ​ទៀត ការចេះ​សន្សំ​កុសលផល​បុណ្យ​ទុក​សម្រាប់​អនាគតជាតិ ដើម្បី​ឲ្យ​ជាតិ​មុខ​សោយសុខ​នូវ​សម្បត្តិ​៤​ប្រការ គឺ​អាយុ វណ្ណៈ សុខៈ ពានៈ បដិ​ពានៈ កុំបី​ឃ្លាងឃ្លាត​ឡើយ​។​
​ម្យ៉ាងទៀត ការធ្វើ​ពិធី​ពូន​ភ្នំខ្សាច់​នេះ​ទៀតសោត គឺ​ធ្វើឡើង​ដើម្បី​ជា​ភ្នំ​មួយ​តំណាង​ដល់​ព្រះ​ជោ​ល្លា​មុន្នី​ចេតិ​យ ដែល​ដាក់​តម្កល់​ព្រះ​ចង្កូម​កែវ ឬ​ព្រះ​សរីរិក​ធាតុ​របស់​ព្រះពុទ្ធ​គ្រប់​ព្រះអង្គ ដែល​តម្កល់​នៅ​ឋាន​ត្រៃត្រិង្ស ឋានសួគ៌​ជាន់​ទី​២​។​
អត្ថប្រយោជ៍​នៃ​ពិធីពូន​ភ្នំ​ខ្សាច់​
គុណប្រយោជន៍​នៃ​ការធ្វើ​ពិធី​បុណ្យ​ពូន​ភ្នំខ្សាច់​ផ្តាច់​កម្ម​ពៀរ គឺ​កុសលផល​បុណ្យ និង​កើត​មាន​ដល់​អ្នក​ដែល​ធ្វើ​នៅ​ពេល​បច្ចុប្បន្ន អនាគត នឹង​ជាតិ​ក្រោយ​បន្តទៀត បើ​អ្នក​ដែល​ធ្វើ​នោះ មាន​សេចក្តី​ជ្រះថ្លា ហើយ​បុណ្យ​ដែល​បាន​ធ្វើ​ច្រើន​ជាង​ធ្វើបាប​។​
អាជីវករ អ្នករត់​ម៉ូតូឌុប អ្នករត់​កង់​បី អ្នកធ្វើការ​រដ្ឋ និង​ឯកជន ឲ្យដឹងថា​មូលហេតុ​ដែល​ពួកគេ​មក​ធ្វើបុណ្យ​ពូន​ភ្នំខ្សាច់​ផ្តាច់​កម្ម​ពៀរ ដើម្បី​ឲ្យ​បច្ចុប្បន្នជាតិ និង​អតីតជាតិ ដែល​ពួកគេ​បាន​ប្រព្រឹត្ត​ដូចជា សម្លាប់​សត្វ មនុស្ស ឬ​មាន​កាយវាចា​ចិត្ត​មិន​ល្អ​ពីមុន ដោយ​ចេតនា​ក្តី ដោយ​អ​ចេតនា​ក្តី ឲ្យ​រួច​ផុត​កម្ម ផុត​ពៀរ​ទាំងពួង​ទៅជា​អហោសិកម្ម​។​
លើសពីនេះ​ទៀត ការ​សន្សំ​បុណ្យ​កុសល​នៅពេល​បច្ចុប្បន្ន ក៏​នាំ​ឲ្យ​ក្រុមគ្រួសារ សាច់ញ្ញាតិ​របស់​ពួកគេ ទទួលបាន​សេចក្តីសុខ​គ្រប់​ជាតិ​ទៀតផង​៖ “​រាប់បាត្រ​ឧទ្ទិស​កុសល្យផល​បុណ្យ ជូន​ឪពុក​ខ្ញុំ​ហើយ​និង​ជីដូន​ជីតា​ខ្ញុំ ដែល​បាន​ចែក​ឋាន​ទៅ​ហ្នឹង ឲ្យ​គាត់​បាន​សេពសោយ​នូវ​ចំណី​អាហារ​ដែល​ខ្ញុំ​ធ្វើ​ហើយ ឲ្យ​គាត់​ឲ្យ​ពរ​ឲ្យ​ជ័យ​ដើម្បី​ផ្តាច់​កម្ម​ផ្តាច់​ពៀរ បើសិន​មាន​ជ្រុលជ្រួស​ជាមួយ​គាត់​ក្នុង​ជាតិ​នេះ ហើយ​សម្រាប់​ទៅ​ជាតិ​ក្រោយ សម្រាប់​កូនចៅ​ខ្ញុំ គ្រួសារ​ខ្ញុំ​។ ខ្ញុំ​មក​នេះ​ដើម្បី​ពូន​ភ្នំ​ខ្សាច់ ផ្តាច់​កម្ម​ផ្តាច់​ពៀរ តែ​ខ្ញុំ​ឲ្យ​អនាគត​ជាតិទៅ កុំឲ្យ​មានក​ម្ម​មាន​ពៀរ​ដូច​ជាតិ​នេះ​ទៀត​។ តែ​អ្វី​ដែល​ប៉ា​ម៉ាក់​ខ្ញុំ​គាត់​ប្រាប់​មក ក៏ដូចជា​ចាស់ៗ​មួយចំនួន គាត់​ថា​ពេលដែល​យើង​មក​ធ្វើបុណ្យ​អ៊ីចឹង យើង​ឧទ្ទិស​ជូន​ឈ្មោះ​គាត់​អ៊ីចឹងទៅ បើសិន​យើង​ចាំ​ឈ្មោះ​គាត់​មិន​បាន​ទេ យើង​ហៅ​ញាតិ​ការ​ទាំង​៧​សន្តាន​អ៊ីចឹងទៅ បើសិនជា​យើង​ចាំ​ឈ្មោះ​ច្បាស់លាស់ យើង​ប្រាប់​ជា​ឈ្មោះ​អ៊ីចឹងទៅ យើង​សូម​ឲ្យ​គាត់​មក​កន្លែង​ទីតាំង​វត្ត ដែល​យើង​បាន​មក​ធ្វើបុណ្យ​អ៊ីចឹង​ហើយ សូមឲ្យ​អនុមោទនា​ទទួលយក​មគ្គផល ដែល​បាន​ពី​ហ្នឹង​ទៅ ដើម្បី​ជួយ​គាត់​ខ្លះ​ដែរ ព្រោះ​យើង​មិនដឹងថា​ពេល​ដែល​គាត់​ចែក​ឋាន​ទៅ​ហ្នឹង យើង​មិនដឹង​ថា​គាត់​ទៅ​ទីណា​ទេ តែ​យើង​ធ្វើ​អ៊ីចឹង​ដើម្បី​ជួយ​ឲ្យ​គាត់​មក​ដើម្បី​យក​មគ្គផល ហើយ​ឲ្យ​គាត់​ជួយ​ថែរក្សា​ឃុំគ្រង​គ្រួសារ​ឲ្យបាន​ក្តី​សុខក្តីចម្រើន​ត​ទៅ​ទៀត​។ ធ្វើ​កម្ម​អ្វីមួយ យើង​ធ្វើ​ជាតិ​នេះ ដើម្បី​ផ្តាច់​កម្ម​ផ្តាច់​ពៀរ ជាតិ​ក្រោយ​ឲ្យ​ជួប​តែ​ល្អ​”​។​
​ទាក់ទង​និង​ការ​ពួន​ភ្នំខ្សាច់​នេះដែរ សាស្ត្រាចារ្យ​នៃ​ពុទ្ធិក​សាកលវិទ្យាល័យ​ព្រះសីហនុ​រាជ្យ ព្រះ​តេជគុណ វ៉​ង់ សុភ័​ស្រ មាន​សង្ឃដីកា​ទៀត​ថា  អ្នក​ដែល​ធ្វើបុណ្យ​សន្សំ​កុសល​នៅក្នុង​ជាតិ​នេះ នៅ​ជាតិ​ខាងមុខ អ្នក​នោះ​នឹង​ទទួលបាន​រូបសម្បត្តិ​ល្អ សេចក្តីសុខ​ចម្រើន  មិន​ត្រឹមតែ​ប៉ុណ្ណោះ​ទេ បុណ្យ​កុសល​ទាំងនោះ​អាច​ចែករំលែក​ទៅឲ្យ​ញាតិសណ្តាន​ដែល​ចែកឋា​នហើយ​ក្តី ក៏​អាច​ទទួលបាន​កុសលផល​បុណ្យ​ផងដែរ​៖ “​ម្ចាស់​ទាន ដែល​នៅ​រស់​សព្វថ្ងៃ​ហ្នឹង​ក៏បាន​អនិ​សង្ឃ ហើយ​គាត់​ក៏​អាច​ឧទ្ទិស​បុណ្យ​ដែល​កើត​អំពី​ការ​ពូន​ភ្នំខ្សាច់​នេះ ដល់​ពពួក​ញាតិ​ដែល​ស្លាប់​ទៅ​ហ្នឹង តាម​ផ្លូវ​ចិត្ត តាមផ្លូវ​មនោសញ្ចេតនា ជា​លក្ខណៈ​អ​រូបិយ យើង​ឧទ្ទិស​កុសល​ហ្នឹង​ជូន​ដល់​បុព្វការី​ជន មាតាបិតា ជីដូន​ជីតា ដែល​លោក​ចាក​ឋាន​ទៅ​ហ្នឹង​អាច​ឧទ្ទិស​បាន ហើយ​ប្រសិនបើ​គាត់​បាន​ដឹង ជីដូន​ជីតា​ញាតិមិត្ត​បងប្អូន​លោក​បាន​ដឹង លោក​អនុមោទនា​ទៅ ក៏​បាន​ទទួល​ចំណែក​បុណ្យ បាន​រួច​ចាក​ផុត​ពី​សេចក្តីសុខ​ដែរ ដោយសារ​អនិ​សង្ឃរប​ស់​បុណ្យបាន​”​។​
​ស្នាក់​នៅ​វត្ត​ចង្ក្រាន​តា​ព្រហ្ម រាជធានី​ភ្នំពេញ យាយជី ប៉ែន ពៅ ព្រះជន្ម​៦៩​ឆ្នាំ មានប្រសាសន៍ថា អ្នក​ដែល​មក​ធ្វើបុណ្យ​ពូន​ភ្នំ​ខ្សាច់ ផ្តាច់​កម្ម​ពៀរ បាន​បុណ្យ​ច្រើន ឬ​តិច​អាស្រ័យ​លើ​អំពើ​បាប​របស់ខ្លួន​បាន​ប្រព្រឹត្ត​។ លោកយាយ ក៏​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ទាំងអស់​ត្រូវ​ខិតខំ​សន្សំ​កុសល​ឲ្យបាន​ច្រើន ដើម្បី​ឲ្យ​ជាតិ​នេះ និង​ជាតិ​ខាង​មុខ​ទទួល​បាន​សេចក្តីសុខ​ចម្រើន​៖”​ផ្តល់​យោបល់​ឲ្យ​អ៊ីចឹង ហើយ​ឲ្យ​គាត់​ធ្វើ​បុណ្យ​ទៅឲ្យ​ដាច់ក​ម្ម​ដាច់ពៀរ​អ៊ីចឹ​ង ធ្វើ​ម៉េច​បើ​ជួនណា​គ្នា​អត់​ដឹង គ្នា​ចេះ​តែ​ដាក់ៗ​ទៅ ដល់​យើង​ប្រាប់​គ្នា​ទៅ គ្នា​យល់​ទៅ វា​បាន​បុណ្យ​បាន​កុសល​ហ្នឹង​ដល់​អ្នក​ធ្វើ​បុណ្យ ដល់​ទាំង​អ្នក​ចែក​ឋាន​ទៅ​ដែរ​”​។​
​គួរបញ្ជាក់​ថា ពិធីបុណ្យ​ភ្ជុំបិណ្ឌ​នេះ ធ្វើឡើង​ក្នុង​១​ឆ្នាំ​ម្តង គឺ​ថ្ងៃ​កាន់បិណ្ឌ​ចាប់ផ្តើម​ពី​ថ្ងៃ​១​រោជ ខែ​ភទ្របទ រហូត​ដល់​ថ្ងៃ​ទី​១៤​រោជ​ខែ​ដដែល ចំណែក​ថ្ងៃ​១៥​រោជ ជា​ថ្ងៃ​ភ្ជុំ​ធំ​ដែល​គេ​ហៅថា ថ្ងៃ​ភ្ជុំបិណ្ឌ​៕

No comments:

Post a Comment